ពិធីប្រគល់វិញ្ញាបនបត្រលើកទី២ ក្នុងឆ្នាំសិក្សា២០២៣-២០២៤

កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំប្រារព្ធកម្មពិធីប្រគល់វិញ្ញាបនបត្រលើកទី២ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យសិក្សា ថ្នាក់ទី៦ និងថ្នាក់ទី៩ ក្នុងឆ្នាំសិក្សា២០២៣-២០២៤  ក្រោមអធិបតីភាព លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។

នៅក្នុងពិធីនោះ មានការចូលរួមពីសំណាក់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាច្រើនរូប។

តាមការសង្កេតជាក់ស្តែង យើងមើលឃើញថា បរិយាកាសនៅក្នុងកម្មវិធីទាំងមូល មានភាពអ៊ូអរ​ និងពោរពេញដោយភាពសប្បាយរីករាយ ដែលមានវត្តមានសិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស អញ្ជើញមកចូលរួម ក្នុងទឹកមុខញញឹមស្រស់ស្រាយ។ ការមានវត្តមានរបស់ពួកគាត់ គឺជាការលើកទឹកចិត្តជាខ្លាំង​ ទៅដល់បុត្រាបុត្រី ឱ្យមានការខិតខំប្រឹងប្រែងក្នុងការបំពេញការសិក្សារបស់ខ្លួនជាបន្តទៅទៀត រហូតដល់ចប់ថ្នាក់អនុវិទ្យាល័យ ដើម្បីនឹងត្រៀមខ្លួនចូលទៅថ្នាក់វិទ្យាល័យ នាថ្ងៃអនាគត។

មួយវិញទៀត ស្នាមញញឹមប្រកបដោយក្តីរំភើបរីករាយរបស់មាតាបិតា និងអ្នកអាណាព្យាបាលទាំងឡាយនោះ ហាក់កំពុងតែប្រាប់យើងថា ពួកគាត់កំពុងមានក្តីសង្ឃឹមយ៉ាងខ្លាំង ទៅលើកូនៗរបស់ពួកគាត់។ ដូច្នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ពីមួយឆ្នាំទៅមួយឆ្នាំ តែងតែព្យាយាមបង្កើនគុណភាពអប់រំសិក្សាជាលំដាប់ ដើម្បីបណ្តុះបណ្តាលសិស្សានុសិស្ស ឱ្យមានចំណេះដឹងពេញលេញ និងមានសមត្ថភាពគ្រប់គ្រាន់ ព្រមទាំងមានក្រមសីលធម៌ខ្ពស់ ក្នុងការសិក្សាររបស់សិស្សានុសិស្សទាំងឡាយ។

សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀនឈានមុខគេមួយ ដែលទទួលសិស្សានុសិស្ស ចាប់ពីថ្នាក់ក្រោមមតេ្តយ្យសិក្សា រហូតដល់ថ្នាក់ទី១២ អ្វីដែលកាន់តែពិសេស សាលារៀន អន្តរទ្វីប​ អាមេរិកាំង មានការបន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗ រួមមាន មុខវិជ្ជា បំណិនជីវិត និងមុខវិជ្ជាជំនាញជម្រើសដ៏សម្បូរបែបដូចជា កុំព្យូទ័រ គំនូរ របាំ តន្រី្ត កំណាព្យ គេហវិទ្យា ហត្ថកម្ម​ អប់រំកាយ និងកីឡា ដូចជា ការ៉ាតេ បាល់បោះ បាល់ទះ បាប៊ី វាយកូនឃ្លីលើតុ វាយកូនបាល់ ហែលទឹក និងកីឡាផ្សេងៗទៀត។

ចំពោះកម្មវិធីប្រគល់វិញ្ញាបនបត្រលើកទី២ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យសិក្សា ថ្នាក់ទី៦ និងថ្នាក់ទី៩ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ គឺជាសក្ខីកម្មមួយថ្មីផ្សេងទៀត ដែលសាលារៀន អន្តរទ្វីប អាមេរិកាំង ផ្តោតលើការលើកកម្ពស់វិស័យអប់រំជាខ្លាំង ដែលនេះគឺជាសកម្មភាពចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងជាលំដាប់។

ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទទាក់ទង