ការប្រកួតប្រជែងចំណេះដឹង

ការប្រកួតចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច (The Mengly J. Quach Khmer Civilization & Culture Contest)៖ ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញឱ្យសិស្សានុសិស្សកាន់តែមានភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ បង្កើនការចងចាំនូវមេរៀនប្រវត្តិសាស្រ្ត សីលធម៌-ពលរដ្ឋវិជ្ជា និងមានចំណេះដឹងផ្នែកវប្បធម៌ទូទៅបានកាន់តែទូលំទូលាយ និងពង្រឹងសមត្ថភាពសិក្សារបស់សិស្សគ្រប់កម្រិតថ្នាក់។ កន្លងមកសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំនូវការប្រកួតជាច្រើនបន្ថែមពីលើការរៀននៅក្នុងថ្នាក់ដោយផ្តោតលើមុខវិជ្ជាសិក្សាផ្សេងៗពីគ្នា ដើម្បីឱ្យសិស្សានុសិស្សមានឱកាសប្រកួតប្រជែងសមត្ថភាពទៅតាមចំណូលចិត្ត និងតាមកម្រិតថ្នាក់ ដើម្បីជាគន្លឹះឱ្យសិស្សានុសិស្សទទួលបាននូវចំណេះ និងជំនាញពីការប្រកួតប្រជែង និងលើកទឹកចិត្តដល់ពួកគេឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្រលើគ្រប់មុខវិជ្ជាប្រកបដោយសមធម៌ ហើយតាមរយៈការប្រកួតមួយនេះ សិស្សានុសិស្សមិនគ្រាន់តែចេះនូវមុខវិជ្ជាមេរៀនស្របតាមកម្មវិធីសិក្សាតាមកម្រិតថ្នាក់របស់ខ្លួនប៉ុណ្ណោះទេ ហើយថែមទាំងបានចងចាំបានយ៉ាងល្អនូវចំណេះដឹងវប្បធម៌-អរិយធម៌ខ្មែរ និងជាឧត្តមប្រយោជន៍ដ៏សំខាន់ក្នុងការបណ្តុះផ្នត់គំនិតពួកគេ ឱ្យចូលរួមចំណែកលើកកម្ពស់វិស័យវប្បធម៌ជាតិនាពេលអនាគត។

   

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២